ព្រះតេជគុណ ញាណវិរិយោ គង់-ឆន មានបងប្អូនបង្កើត ៥នាក់គឺ៖

ព្រះតេជគុណ ញាណវិរិយោ គង់-ឆន មានបងប្អូនបង្កើត ៦នាក់គឺ៖ គង់-សុន គង់-សន គង់-សយ គង់-សម្បត្តិ គង់-ឆន គង់-ទូច ។ ព្រះតេជគុណ គង់-ឆន ជាកូនរបស់ ឧបាសក គង់-ឡុង និងឧបាសិកា សំ-បូរ។

Friday, February 18, 2011

លិខិតថ្លែងអំណរព្រះគុណ និងអរគុណ

លិខិតថ្លែងអំណរព្រះគុណ និង អរគុណ

ខ្ញុំព្រះករុណា អាត្មាភាព តំណាងឲ្យក្រុមគ្រួសារ និងសាច់ញាតិព្រះសពរបស់ ព្រះតេជគុណ ញាណវិរិយោ គង់-ឆន ព្រះគ្រូចៅអធិការវត្តស្មោង ឃុំ ស្មោងខាងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង ។

សូមថ្លែងនូវអំណរព្រះគុណ និង អរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និង ពុទ្ធបរិស័ទទាំងអស់ដែលបានខិតខំជួយខ្នះខ្នែងប្រឹងប្រែង ក្នុងការរៀបចំពីធី បុណ្យ បូជាព្រះសព ញាណវិរិយោ គង់-ឆន ចាប់តាំងពីថ្ងៃដំបូង គឺថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ រហូតដល់ថ្ងៃ ទី ២ ខែ មករា ឆ្នាំ ២០១១ ជាថ្ងៃបញ្ចប់នៃបុណ្យទក្ខិណានុប្បទានគំរប់៧ថ្ងៃ ។

ដោយព្រះតេជគុណ អស់លោក លោកស្រី គណៈកម្មការ និស្សិត បញ្ញវ័ន្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ បានចំណាយទាំងកំលាំងកាយ កំលាំងចិត្ត កំលាំងប្រាជ្ញា ស្មារតី ថវិការ ព្រមទាំងពេលវេលាដ៏មានតំលៃ និង មមាញឹក ដោយមិនខ្លាច នឿយព្រះកាយ នឿយហត់ របស់ព្រះតេជគុណ និង អស់លោក លោកស្រី និង ពុទ្ធបរិស័ទ ចូលរួមរំលែកនូវសេចក្តីទុក្ខដ៏ក្រៀមក្រំ ជាមួយ នឹងអាត្មាភាព និង ក្រុមញាតិ របស់អាត្មាភាពនេះ ។

ពិសេសជាងនេះទៅទៀតនោះ បានញ៉ាំងឲ្យកម្មវិធី បុណ្យបូជាព្រះសព និង បុណ្យគំរប់៧ថ្ងៃនេះ ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរគួរជាទីជ្រះថ្លាបំផុត ហើយសមស្របតាមគន្លងក្បួនច្បាប់ព្រះពុទ្ធសាសនា។

ទាំងនេះក៏សុទ្ធសឹងតែជាស្នាព្រះហស្ថ និង ស្នាដៃ របស់ព្រះតេជគុណ និង អស់លោក អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា យ៉ាងអស់ពីចិត្តពីថ្លើម ទាំងយប់ទាំងថ្ងៃ ក្នុងការជួយជ្រោម ជ្រែងក្នុង កម្មវិធីបុណ្យនេះឲ្យមានភាពអធិកអធមក្រៃលែង ។

ខ្ញុំព្រះករុណា អាត្មាភាព បានឃើញនូវទង្វើ ដ៏ល្អព្រពៃនេះ របស់ព្រះតេជគុណ អស់លោក លោកស្រី អាចារ្យ គណៈកម្មការ សិស្ស និស្សិត បញ្ញវ័ន្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស បានផ្តល់នូវភាពកក់ក្តៅ ស្រលាញ់រាប់អាន ជាទីបំផុត មកដល់ខ្ញុំព្រះករុណា អាត្មាភាព និងក្រុមញាតិ ធ្វើឲ្យខ្ញុំព្រះករុណា អាត្មាភាព មានក្តីរំភើបរីករាយឥតឧបមា និង ពេញចិត្តបំផុត ដោយខ្ញុំព្រះករុណា អាត្មាភាព សង្ឃឹមយ៉ាងមុតមាំថា ព្រះវិញ្ញាណក្ខ័ន្ធ របស់ព្រះគ្រូចៅអធិការ ញាណវិរិយោ គង់ ឆន នឹងសព្វ ព្រះហឬទ័យ ហើយនឹងបានទៅចុតិបដិសន្ធិ ក្នុងទេវបុរី ដែលជាវិមានគួរជាទីរីករាយជ្រះថ្លា មិនខានឡើយ ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា អាត្មាភាព សូមសម្តែង នូវការអរព្រះគុណ និង អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត នូវគុណបំណាច់ ដ៏ធំធេង របស់ព្រះគុណម្ចាស់គ្រប់ៗព្រះអង្គ និង អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទគ្រប់ៗរូប សូមឲ្យប្រកបតែនឹងពរទាំងឡាយ៥ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយសេចក្តីគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត ពីខ្ញុំព្រះករុណា អាត្មាភាព!

វត្តព្រះពុទ្ធ ពុទ្ធិកសហគមន៏ខ្មែរអន្តរជាតិ រដ្ឋអារីសូណា សហរដ្ឋអាមេរិក ថ្ងៃទី ៦ ខែ មករា ឆ្នាំ២០១១

តំណាងក្រុមគ្រួសារព្រះសព

ភិក្ខុ ធម្មបាលត្ថេរ ឡុង-ឬទ្ធី

No comments:

Post a Comment