ព្រះតេជគុណ ញាណវិរិយោ គង់-ឆន មានបងប្អូនបង្កើត ៥នាក់គឺ៖

ព្រះតេជគុណ ញាណវិរិយោ គង់-ឆន មានបងប្អូនបង្កើត ៦នាក់គឺ៖ គង់-សុន គង់-សន គង់-សយ គង់-សម្បត្តិ គង់-ឆន គង់-ទូច ។ ព្រះតេជគុណ គង់-ឆន ជាកូនរបស់ ឧបាសក គង់-ឡុង និងឧបាសិកា សំ-បូរ។

Thursday, February 17, 2011

លិខិតថ្លែងអំណរព្រះគុណ និងអរគុណ


លិខិតថ្លែងអំណរព្រះគុណ និង អរគុណ

ខ្ញុំព្រះរុណា ភិក្ខុ ឡុង-ឬទ្ធី សូមក្រាបថ្វាយបង្គំមក ព្រះថរានុថេរគ្រប់ព្រះអង្គជាទីគោរពសក្ការៈ!

សូមចំរើនពរមកលោកអាជ្ញាធរដែនដីដោយក្តីរាប់អានដ៏ខ្ពង់ខ្ពស់ !

សូមចំរើនពរមកលោកអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តស្មោង ដោយក្តីស្រលាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត !

សូមចំរើនពរមកលោក នាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ដោយក្តីអាណិតស្រលាញ់រាប់អាន យ៉ាងជ្រាលជ្រៅបំផុត !

សូមចំរើនពរមកសប្បុរសជន ពុទ្ធបរិស័ទភ្ញៀវកិត្តិយស ញាតិមិត្តជិតឆ្ងាយទាំងក្នុង និងគ្រៅប្រទេស ដែលបានមកចូលរួមកម្មវិធីបុណ្យបូជាព្រះសព និង បុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃនេះដោយផ្ទាល់ និងពុទ្ធបរិស័ទដែលមិនបានអញ្ជើញមក ក៏ប៉ុន្តែបានចូលចាប់មគ្គផលកុសល ក្នុងកម្មវិធីបុណ្យគម្រប់៧ថ្ងៃរបស់លោកឪពុករបស់ខ្ញុំព្រះករុណាអាត្មាភាពដោយក្តីគោរពស្រលាញ់រាប់អាន យ៉ាងជ្រាលជ្រៅបំផុត! ពីខ្ញុំព្រះករុណាអាត្មាភាព ។

ក្នុងនាមខ្ញុំព្រះករុណាអត្មាភាព តំណាងឲ្យក្រុមគ្រួសាររបស់ព្រះសព នៃព្រះគ្រូ គង់-ឆន ញាណវិរិយោ ខ្ញុំព្រះករុណាអាត្មាភាព សូមសម្តែងនូវការគោរព អំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះវត្តមានព្រះតេជគុណគ្រប់ៗព្រះអង្គ និងវត្តមានពុទ្ធបរិស័ទគ្រប់ៗរូបទាំងអស់ដែលបានលះបង់ នូវកំលាំងកាយចិត្តនិងបញ្ញា ព្រមទាំងស្មារតីទទួលខុសត្រូវ បានចំណាយធនធានដោយផ្ទាល់ខ្លួនក្នុងការជួយឧបត្ថម្ភក៏ជ្រោមជ្រែងក្នុងកម្មវិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទាន៧ថ្ងៃនេះ ឲ្យមានភាពអធិកអធមតាមព្រះពុទ្ធសាសនា ដែលធ្វើឲ្យខ្ញុំព្រះករុណាអាត្មាភាព ត្រូវជាកូនបង្កើតនៅឯនាយសមុទ្រ មានចិត្តរំភើបរីករាយត្រេកអរ ឥតឧបមាចាពន់ពេក និងសូមសម្តែងនូវសន្តានចិត្ត កត្តញ្ញូភក្តីភាពនិងភាពកក់ក្តៅ ជាទីបំផុតនូវសកម្មភាពនៃកម្មវិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទាន៧ថ្ងៃ បានប្រព្រឹត្តទៅដោយរលូន យ៉ាងល្អប្រសើរជាទីបំផុត ។

ខ្ញុំព្រះករុណាអាត្មាភាព សូមប្រគេននិងពម្រាបជូន ព្រះតេជគុណគ្រប់ៗព្រះអង្គ និងពុទ្ធបរិស័ទគ្រប់ៗរូប ឲ្យបានជ្រាបផងដែរថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃបូជាព្រះសព លោកឪពុករបស់ខ្ញុំព្រះករុណាអាត្មាភាព ហើយខ្ញុំព្រះករុណាបានគង់អង្គុយបត់ជើងនៅចំពីមុខព្រះឆាយល័ក្ខ គឺរូបថតលោក ឪពុក ដែលខ្ញុំព្រះករុណាបានដាក់តាំងនៅពីមុខ ព្រះប័ល្លង្គព្រះពុទ្ធរូបជាន់ខាងក្រោម ដោយខ្ញុំព្រះករុណាអាត្មាភាព បានផ្ទៀងសោតាស្តាប់ នៅពីមុខកម្មវិធីបុណ្យតាមរយៈប្រពន្ធទូរស័ព្ទ វាហាក់បីដូចជាខ្ញុំព្រះករុណា អាត្មាភាពបាននឹងកំពុងអង្គុយចំពីមុខព្រះសព លោកឪពុកផងដែរ តែតាមការពិតខ្ញុំព្រះករុណាអាត្មាភាព កំពុងតែសុបិន្តសោះ អនិច្ចា លោកឪពុកខ្ញុំអើយ សង្ខារធម៌ពិតជាមិនទៀងទាត់មែន គ្មានពេលជួបព្រះកាយទៀតទេ មានតែសំឡេងដែលបានដក់ជាប់ ក្នុងក្រអៅបេះដូងកូនជានិច្ច ដែលលោកឪពុកធ្លាប់បានផ្តល់ដំបូន្មាន ដល់កូនគ្រប់ៗរូប ។ ព្រះពុទ្ធទ្រង់សំដែងថា រូបរាងកាយបាត់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយសមិនចេះស្លាប់បាត់បង់ឡើយ កេរឈ្មោះលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំគឺស្ថិតនៅក្នុងដួងចិត្តខ្ញុំព្រះករុណា ជារៀងរហូតលុះថ្ងៃអវសាននៃជីវិតរបស់កូន ។ ខ្ញុំព្រះករុណាអាត្មាភាពមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា លោកឧពុករបស់ខ្ញុំព្រះករុណា ប្រាកដជានិមន្ត ចុតិបដិសន្ធិ នៅក្នុងស្ថានសុគតិភពមិនខានឡើយ ។

ដោយអំណាចនៃការសាងបារមីយ៉ាងច្រើនរបស់លោកឪពុក និងបុណ្យដែលបានកើតឡើង តាំងពីថ្ងៃទី១ រហូតដលថ្ងៃទី៧នេះ សូមលោកឪពុកនិមន្តអនុមោទនា ទទួលយកនូវបុណកុសលទាំងអស់នេះ ដោយសេចក្តីជ្រះថ្លា ពីព្រះសង្ឃ កូនចៅពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ដែលបានធ្វើបុណ្យឧទ្ទិសជូនទៅ ហើយនៅពេលនេះ ។

សូមលោកឪពុក បានជាឧបនិស្ស័យ ពោលគឺព្រះនិព្វាន នូវជាតិណាមួយកុំបិឃ្លាតក្លាយទៅជាបការៈដទៃទឡើយ ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាអាត្មាភាព សូមសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះសង្ឃ អាចរ្យគណៈកម្មការគ្រប់ៗរូប ដែលបាននិមន្តនិងអញ្ជើញចូលរួមចាត់ចែងក្នុងកម្មវិធីបុណ្យ ព្រមទាំងពុទ្ធបរិស័ទដែលនៅឯនាយសមុទ្រ មានសហរដ្ឋអាមេរិក និង ប្រទេសបារាំងជាដើម បានរួមចំណែកចូលចាប់កុសលតាមរយៈខ្ញុំព្រះករុណាអត្មាភាព បានញ៉ាំងឲ្យកម្មវិធីបូជាព្រះសព និងទក្ខិណានុ្បទាន ៧ថ្ងៃនឹងរឹតតែមានភាពវិសេសវិសាលខ្លាំងឡើងថែមទៀត ។

ភ្ជាប់ជាមួយគ្នានេះដែរ ប្អូនសូមអរគុណដល់បងប្រុស ឡុង-សាមី ដែលត្រូវជាបងប្រុសបង្កើតរបស់ខ្ញុំព្រះករុណាអាត្មាភាព​ដែលបានមើលថែរក្សា លោកឪពុកនិងអ្នកម្តាយដោយយកចិត្តទុកដាក់ជាទីបំផុត ចំនែកប្អូននៅឆ្ងាយមិនបានមើលថែរក្សាលោកឪពុក និងអ្នកម្តាយដូចបងទេ សូមបងខំពង្រឹងស្មារតីឲ្យបានល្អ បើទោះបីជាលោកឪពុក និងអ្នកម្តាយ អនិច្ចធម្ម(ស្លាប់) ទៅក៏ពិតមែនហើយ ប៉ន្តែដួងវិញ្ញាណ ដួងចិត្តគឺបុណ្យកុសលនៅរស់ជានិច្ច ចូរយើងខិតខំថែរក្សាវង្សត្រកូល របស់យើងតទៅមុខទៀត ប្អូននៅតែជាប្អូនដ៏ល្អរបស់បងជានិច្ច!

ម្យ៉ាងវិញទៀត បើសិខ្ញុំព្រះករុណាអាត្មាភាព និងគណៈកម្មការ ចាត់ចែងបុណ្យ ទទួលបដិសណ្ឋារៈកិច្ចមានការខ្វះខាតដោយប្រការណាមួយ សូមព្រះគុណម្ចាស់គ្រប់ៗព្រះអង្គ ញាតិញោមពុទ្ធបរិស័ទគ្រប់ៗរូប មេត្តាអធ្យាស្រ័យ អភ័យទោសដល់ខ្ញុំព្រះករុណាអាត្មាភាពផងចុះ ។

ជាចុងបញ្ចប់ខ្ញុំព្រះករុណាអាត្មាភាព សូមប្រគេនពរ ប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរ កើតមានដល់ព្រះថេរានុថេរគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនិង ក្រៅប្រទេស សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយសេចក្តីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត !

តំណាងក្រុមគ្រួសារព្រះតេជគុណ ញាណវិរិយោ គង់-ឆន

ពីខ្ញុំព្រះករុណាអាត្មាភាព ឡុង-ឬទ្ធី (ហៅរស់)

ថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ ២០១០

សេចក្តីគួរពុំគួរ សូមមេត្តាខន្តីអភ័យទោស ! សូមអរព្រះគុណ និង អរគុណ!

No comments:

Post a Comment