ព្រះតេជគុណ ញាណវិរិយោ គង់-ឆន មានបងប្អូនបង្កើត ៥នាក់គឺ៖

ព្រះតេជគុណ ញាណវិរិយោ គង់-ឆន មានបងប្អូនបង្កើត ៦នាក់គឺ៖ គង់-សុន គង់-សន គង់-សយ គង់-សម្បត្តិ គង់-ឆន គង់-ទូច ។ ព្រះតេជគុណ គង់-ឆន ជាកូនរបស់ ឧបាសក គង់-ឡុង និងឧបាសិកា សំ-បូរ។

Friday, February 18, 2011

លិខិតថ្លែងអំណរព្រះគុណ និងអរគុណ

លិខិតថ្លែងអំណរព្រះគុណ និង អរគុណ

ខ្ញុំព្រះករុណា អាត្មាភាព តំណាងឲ្យក្រុមគ្រួសារ និងសាច់ញាតិព្រះសពរបស់ ព្រះតេជគុណ ញាណវិរិយោ គង់-ឆន ព្រះគ្រូចៅអធិការវត្តស្មោង ឃុំ ស្មោងខាងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង ។

សូមថ្លែងនូវអំណរព្រះគុណ និង អរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និង ពុទ្ធបរិស័ទទាំងអស់ដែលបានខិតខំជួយខ្នះខ្នែងប្រឹងប្រែង ក្នុងការរៀបចំពីធី បុណ្យ បូជាព្រះសព ញាណវិរិយោ គង់-ឆន ចាប់តាំងពីថ្ងៃដំបូង គឺថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ រហូតដល់ថ្ងៃ ទី ២ ខែ មករា ឆ្នាំ ២០១១ ជាថ្ងៃបញ្ចប់នៃបុណ្យទក្ខិណានុប្បទានគំរប់៧ថ្ងៃ ។

ដោយព្រះតេជគុណ អស់លោក លោកស្រី គណៈកម្មការ និស្សិត បញ្ញវ័ន្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ បានចំណាយទាំងកំលាំងកាយ កំលាំងចិត្ត កំលាំងប្រាជ្ញា ស្មារតី ថវិការ ព្រមទាំងពេលវេលាដ៏មានតំលៃ និង មមាញឹក ដោយមិនខ្លាច នឿយព្រះកាយ នឿយហត់ របស់ព្រះតេជគុណ និង អស់លោក លោកស្រី និង ពុទ្ធបរិស័ទ ចូលរួមរំលែកនូវសេចក្តីទុក្ខដ៏ក្រៀមក្រំ ជាមួយ នឹងអាត្មាភាព និង ក្រុមញាតិ របស់អាត្មាភាពនេះ ។

ពិសេសជាងនេះទៅទៀតនោះ បានញ៉ាំងឲ្យកម្មវិធី បុណ្យបូជាព្រះសព និង បុណ្យគំរប់៧ថ្ងៃនេះ ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរគួរជាទីជ្រះថ្លាបំផុត ហើយសមស្របតាមគន្លងក្បួនច្បាប់ព្រះពុទ្ធសាសនា។

ទាំងនេះក៏សុទ្ធសឹងតែជាស្នាព្រះហស្ថ និង ស្នាដៃ របស់ព្រះតេជគុណ និង អស់លោក អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា យ៉ាងអស់ពីចិត្តពីថ្លើម ទាំងយប់ទាំងថ្ងៃ ក្នុងការជួយជ្រោម ជ្រែងក្នុង កម្មវិធីបុណ្យនេះឲ្យមានភាពអធិកអធមក្រៃលែង ។

ខ្ញុំព្រះករុណា អាត្មាភាព បានឃើញនូវទង្វើ ដ៏ល្អព្រពៃនេះ របស់ព្រះតេជគុណ អស់លោក លោកស្រី អាចារ្យ គណៈកម្មការ សិស្ស និស្សិត បញ្ញវ័ន្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស បានផ្តល់នូវភាពកក់ក្តៅ ស្រលាញ់រាប់អាន ជាទីបំផុត មកដល់ខ្ញុំព្រះករុណា អាត្មាភាព និងក្រុមញាតិ ធ្វើឲ្យខ្ញុំព្រះករុណា អាត្មាភាព មានក្តីរំភើបរីករាយឥតឧបមា និង ពេញចិត្តបំផុត ដោយខ្ញុំព្រះករុណា អាត្មាភាព សង្ឃឹមយ៉ាងមុតមាំថា ព្រះវិញ្ញាណក្ខ័ន្ធ របស់ព្រះគ្រូចៅអធិការ ញាណវិរិយោ គង់ ឆន នឹងសព្វ ព្រះហឬទ័យ ហើយនឹងបានទៅចុតិបដិសន្ធិ ក្នុងទេវបុរី ដែលជាវិមានគួរជាទីរីករាយជ្រះថ្លា មិនខានឡើយ ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា អាត្មាភាព សូមសម្តែង នូវការអរព្រះគុណ និង អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត នូវគុណបំណាច់ ដ៏ធំធេង របស់ព្រះគុណម្ចាស់គ្រប់ៗព្រះអង្គ និង អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទគ្រប់ៗរូប សូមឲ្យប្រកបតែនឹងពរទាំងឡាយ៥ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយសេចក្តីគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត ពីខ្ញុំព្រះករុណា អាត្មាភាព!

វត្តព្រះពុទ្ធ ពុទ្ធិកសហគមន៏ខ្មែរអន្តរជាតិ រដ្ឋអារីសូណា សហរដ្ឋអាមេរិក ថ្ងៃទី ៦ ខែ មករា ឆ្នាំ២០១១

តំណាងក្រុមគ្រួសារព្រះសព

ភិក្ខុ ធម្មបាលត្ថេរ ឡុង-ឬទ្ធី

Thursday, February 17, 2011

លិខិតថ្លែងអំណរព្រះគុណ និងអរគុណ


លិខិតថ្លែងអំណរព្រះគុណ និង អរគុណ

ខ្ញុំព្រះរុណា ភិក្ខុ ឡុង-ឬទ្ធី សូមក្រាបថ្វាយបង្គំមក ព្រះថរានុថេរគ្រប់ព្រះអង្គជាទីគោរពសក្ការៈ!

សូមចំរើនពរមកលោកអាជ្ញាធរដែនដីដោយក្តីរាប់អានដ៏ខ្ពង់ខ្ពស់ !

សូមចំរើនពរមកលោកអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តស្មោង ដោយក្តីស្រលាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត !

សូមចំរើនពរមកលោក នាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ដោយក្តីអាណិតស្រលាញ់រាប់អាន យ៉ាងជ្រាលជ្រៅបំផុត !

សូមចំរើនពរមកសប្បុរសជន ពុទ្ធបរិស័ទភ្ញៀវកិត្តិយស ញាតិមិត្តជិតឆ្ងាយទាំងក្នុង និងគ្រៅប្រទេស ដែលបានមកចូលរួមកម្មវិធីបុណ្យបូជាព្រះសព និង បុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃនេះដោយផ្ទាល់ និងពុទ្ធបរិស័ទដែលមិនបានអញ្ជើញមក ក៏ប៉ុន្តែបានចូលចាប់មគ្គផលកុសល ក្នុងកម្មវិធីបុណ្យគម្រប់៧ថ្ងៃរបស់លោកឪពុករបស់ខ្ញុំព្រះករុណាអាត្មាភាពដោយក្តីគោរពស្រលាញ់រាប់អាន យ៉ាងជ្រាលជ្រៅបំផុត! ពីខ្ញុំព្រះករុណាអាត្មាភាព ។

ក្នុងនាមខ្ញុំព្រះករុណាអត្មាភាព តំណាងឲ្យក្រុមគ្រួសាររបស់ព្រះសព នៃព្រះគ្រូ គង់-ឆន ញាណវិរិយោ ខ្ញុំព្រះករុណាអាត្មាភាព សូមសម្តែងនូវការគោរព អំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះវត្តមានព្រះតេជគុណគ្រប់ៗព្រះអង្គ និងវត្តមានពុទ្ធបរិស័ទគ្រប់ៗរូបទាំងអស់ដែលបានលះបង់ នូវកំលាំងកាយចិត្តនិងបញ្ញា ព្រមទាំងស្មារតីទទួលខុសត្រូវ បានចំណាយធនធានដោយផ្ទាល់ខ្លួនក្នុងការជួយឧបត្ថម្ភក៏ជ្រោមជ្រែងក្នុងកម្មវិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទាន៧ថ្ងៃនេះ ឲ្យមានភាពអធិកអធមតាមព្រះពុទ្ធសាសនា ដែលធ្វើឲ្យខ្ញុំព្រះករុណាអាត្មាភាព ត្រូវជាកូនបង្កើតនៅឯនាយសមុទ្រ មានចិត្តរំភើបរីករាយត្រេកអរ ឥតឧបមាចាពន់ពេក និងសូមសម្តែងនូវសន្តានចិត្ត កត្តញ្ញូភក្តីភាពនិងភាពកក់ក្តៅ ជាទីបំផុតនូវសកម្មភាពនៃកម្មវិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទាន៧ថ្ងៃ បានប្រព្រឹត្តទៅដោយរលូន យ៉ាងល្អប្រសើរជាទីបំផុត ។

ខ្ញុំព្រះករុណាអាត្មាភាព សូមប្រគេននិងពម្រាបជូន ព្រះតេជគុណគ្រប់ៗព្រះអង្គ និងពុទ្ធបរិស័ទគ្រប់ៗរូប ឲ្យបានជ្រាបផងដែរថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃបូជាព្រះសព លោកឪពុករបស់ខ្ញុំព្រះករុណាអាត្មាភាព ហើយខ្ញុំព្រះករុណាបានគង់អង្គុយបត់ជើងនៅចំពីមុខព្រះឆាយល័ក្ខ គឺរូបថតលោក ឪពុក ដែលខ្ញុំព្រះករុណាបានដាក់តាំងនៅពីមុខ ព្រះប័ល្លង្គព្រះពុទ្ធរូបជាន់ខាងក្រោម ដោយខ្ញុំព្រះករុណាអាត្មាភាព បានផ្ទៀងសោតាស្តាប់ នៅពីមុខកម្មវិធីបុណ្យតាមរយៈប្រពន្ធទូរស័ព្ទ វាហាក់បីដូចជាខ្ញុំព្រះករុណា អាត្មាភាពបាននឹងកំពុងអង្គុយចំពីមុខព្រះសព លោកឪពុកផងដែរ តែតាមការពិតខ្ញុំព្រះករុណាអាត្មាភាព កំពុងតែសុបិន្តសោះ អនិច្ចា លោកឪពុកខ្ញុំអើយ សង្ខារធម៌ពិតជាមិនទៀងទាត់មែន គ្មានពេលជួបព្រះកាយទៀតទេ មានតែសំឡេងដែលបានដក់ជាប់ ក្នុងក្រអៅបេះដូងកូនជានិច្ច ដែលលោកឪពុកធ្លាប់បានផ្តល់ដំបូន្មាន ដល់កូនគ្រប់ៗរូប ។ ព្រះពុទ្ធទ្រង់សំដែងថា រូបរាងកាយបាត់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយសមិនចេះស្លាប់បាត់បង់ឡើយ កេរឈ្មោះលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំគឺស្ថិតនៅក្នុងដួងចិត្តខ្ញុំព្រះករុណា ជារៀងរហូតលុះថ្ងៃអវសាននៃជីវិតរបស់កូន ។ ខ្ញុំព្រះករុណាអាត្មាភាពមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា លោកឧពុករបស់ខ្ញុំព្រះករុណា ប្រាកដជានិមន្ត ចុតិបដិសន្ធិ នៅក្នុងស្ថានសុគតិភពមិនខានឡើយ ។

ដោយអំណាចនៃការសាងបារមីយ៉ាងច្រើនរបស់លោកឪពុក និងបុណ្យដែលបានកើតឡើង តាំងពីថ្ងៃទី១ រហូតដលថ្ងៃទី៧នេះ សូមលោកឪពុកនិមន្តអនុមោទនា ទទួលយកនូវបុណកុសលទាំងអស់នេះ ដោយសេចក្តីជ្រះថ្លា ពីព្រះសង្ឃ កូនចៅពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ដែលបានធ្វើបុណ្យឧទ្ទិសជូនទៅ ហើយនៅពេលនេះ ។

សូមលោកឪពុក បានជាឧបនិស្ស័យ ពោលគឺព្រះនិព្វាន នូវជាតិណាមួយកុំបិឃ្លាតក្លាយទៅជាបការៈដទៃទឡើយ ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាអាត្មាភាព សូមសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះសង្ឃ អាចរ្យគណៈកម្មការគ្រប់ៗរូប ដែលបាននិមន្តនិងអញ្ជើញចូលរួមចាត់ចែងក្នុងកម្មវិធីបុណ្យ ព្រមទាំងពុទ្ធបរិស័ទដែលនៅឯនាយសមុទ្រ មានសហរដ្ឋអាមេរិក និង ប្រទេសបារាំងជាដើម បានរួមចំណែកចូលចាប់កុសលតាមរយៈខ្ញុំព្រះករុណាអត្មាភាព បានញ៉ាំងឲ្យកម្មវិធីបូជាព្រះសព និងទក្ខិណានុ្បទាន ៧ថ្ងៃនឹងរឹតតែមានភាពវិសេសវិសាលខ្លាំងឡើងថែមទៀត ។

ភ្ជាប់ជាមួយគ្នានេះដែរ ប្អូនសូមអរគុណដល់បងប្រុស ឡុង-សាមី ដែលត្រូវជាបងប្រុសបង្កើតរបស់ខ្ញុំព្រះករុណាអាត្មាភាព​ដែលបានមើលថែរក្សា លោកឪពុកនិងអ្នកម្តាយដោយយកចិត្តទុកដាក់ជាទីបំផុត ចំនែកប្អូននៅឆ្ងាយមិនបានមើលថែរក្សាលោកឪពុក និងអ្នកម្តាយដូចបងទេ សូមបងខំពង្រឹងស្មារតីឲ្យបានល្អ បើទោះបីជាលោកឪពុក និងអ្នកម្តាយ អនិច្ចធម្ម(ស្លាប់) ទៅក៏ពិតមែនហើយ ប៉ន្តែដួងវិញ្ញាណ ដួងចិត្តគឺបុណ្យកុសលនៅរស់ជានិច្ច ចូរយើងខិតខំថែរក្សាវង្សត្រកូល របស់យើងតទៅមុខទៀត ប្អូននៅតែជាប្អូនដ៏ល្អរបស់បងជានិច្ច!

ម្យ៉ាងវិញទៀត បើសិខ្ញុំព្រះករុណាអាត្មាភាព និងគណៈកម្មការ ចាត់ចែងបុណ្យ ទទួលបដិសណ្ឋារៈកិច្ចមានការខ្វះខាតដោយប្រការណាមួយ សូមព្រះគុណម្ចាស់គ្រប់ៗព្រះអង្គ ញាតិញោមពុទ្ធបរិស័ទគ្រប់ៗរូប មេត្តាអធ្យាស្រ័យ អភ័យទោសដល់ខ្ញុំព្រះករុណាអាត្មាភាពផងចុះ ។

ជាចុងបញ្ចប់ខ្ញុំព្រះករុណាអាត្មាភាព សូមប្រគេនពរ ប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរ កើតមានដល់ព្រះថេរានុថេរគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនិង ក្រៅប្រទេស សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយសេចក្តីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត !

តំណាងក្រុមគ្រួសារព្រះតេជគុណ ញាណវិរិយោ គង់-ឆន

ពីខ្ញុំព្រះករុណាអាត្មាភាព ឡុង-ឬទ្ធី (ហៅរស់)

ថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ ២០១០

សេចក្តីគួរពុំគួរ សូមមេត្តាខន្តីអភ័យទោស ! សូមអរព្រះគុណ និង អរគុណ!

លិខិតសូមខមាទោសចំពោះព្រះគ្រូញាណវិរិយោ គង់-ឆន


លោកឪពុក ញាណវិរិយោ គង់-ឆន

លិខិតសូមខមាទោស

ពីកូន ឡុង-ឬទ្ធី (ហៅរស់)បច្ចុប្បន្នជាព្រះគ្រូចៅអធិការ វត្តព្រះពុទ្ធ ដែលស្ថិនៅទីក្រុង ហ្វីនិច រដ្ឋអារីហ្សូណា សហរដ្ឋ អាមេរិក ។

កូនសូមក្រាបថ្វាយបង្គំព្រះសពលោកឪពុកដោយក្តីគោរពស្រលាញ់ស្មើដោយជីវិត !

កូនសូមចំរើនពរមកអ្នកម្តាយ ដោយក្តីគោរពស្រលាញ់ស្មើដោយជីវិត !

អស់រយៈកាលជិត៥ឆ្នាំដែលរូបកូនបានឃ្លាតចាកស្រុកកំណើត ដ៏ជាទីស្រលាញ់ និង នឹករព្ញកបំផុត ។លោកអ្នកមានគុណទាំងពីរ ក៏បានអនិច្ចធម្ម និង ស្លាប់ ទៅចោលកូនផងដែរ ដោយបន្សល់ទុកឲ្យកូននូវរងីរងារ កំព្រាឯកា។ អត់ពីលោកឪពុកនិងអ្នកម្តាយទៅ កូនពិតជាមាន ចិត្តតក់ស្លុតរន្ធត់ខ្លាំងណាស់ ចំពោះការបាត់បង់នូវលោកអ្នកមានគុណទាំងពីរ ក៏ប៉ុន្តែកូនពិតជា សំណាងណាស់ ដែលកូនបានកើតមកជាមួយនឹងអ្នកមានគុណទាំងពីរ កូនបានជ្រកក្រោមម្លប់ ដ៏ត្រជាក់ ពីសំណាក់អ្នកមានគុណ កូនបានរស់រានមានជីវិត មកដល់សព្វថ្ងៃនេះគ៏ដោយសារ លោកអ្នកមានគុណទាំងពីរ ចិញ្ចឹមបីបាច់ថែរក្សា សាច់ឈាមរបស់កូនគឺជាសាច់ឈាម របស់លោកឪពុកនិងអ្នកម្តាយ ។ សូមលោកអ្នកមានគុណញញឹមនិងសង្ឃឹមទុកចុះថា កូននៅតែជា កូនដ៏ល្អរបស់អ្នកមានគុណជានិច្ច បើទោះបីជាអ្នកមានគុណអនិច្ចធម្មទៅចោលកូនក៏ដោយ នេះជាច្បាប់ធម្មជាតិ កើត ចាស់ ឈឺ ស្លាប់ ពុំនរណាម្នាក់ជៀសរួចទេ ទាំងរូបកូនក៏គង់តែក្លាយ ជាផេះផង់ នៅលើផែនដីនេះ ពេលណាមួយមិនខាន ដូចជាលោកឪពុកនិងអ្នកម្តាយអញ្ចឹងដែរ ។

កាលដែលកូនមិនបានមកធ្វើបុណ្យដោយផ្ទាល់នេះ ក៏អាស្រ័យដោយកូនមិនអាចមកបាន។ សូមលោកអ្នកមានគុណអភ័យទោសឲ្យកូនផង ។

មួយវិញទៀតចំពោះការធ្វើបុណ្យ ប្រគេនលោក ឪពុក បើមិនបានសមរម្យឬពេញព្រះទ័យ យ៉ាងណា សូមលោកឪពុកមេត្តាអនុគ្រោះ អភ័យទោសឲ្យកូន ត្បិតអីកូនពុំបានទទួលសំបុត្រ ផ្តាំផ្ញើរណាមួយទេ កូនគ្រាន់តែដឹងដំណឹងថា លោកឪពុក ខ្សោយ គឺលោកឪពុកនិយាយថា ហេវខ្លាំងណាស់ កូនពុំនឹកស្មានថា លោកឪពុកបញ្ចប់ជីវិត ដោយព្រះអង្គឯងសោះ កូនពិតជា មិនអស់ចិត្តទេ ពីព្រោះកូនមើលព្យាបាល មិនទាន់អស់ចិត្តផង ។

កូនសូមឲ្យលោកឪពុកមកពន្យល់សប្តិដំណឹងដល់កូន នៅពេលណាមួយក៏បាន ថាតើរឿងរ៉ាវហ្នឹង ដូចម្តេចខ្លះ ? បានជាលោកឪពុកដាច់ចិត្តទៅចោលកូនៗ និងចៅព្រមទាំងពុទ្ធបរិស័ទ ដែលគោរព ស្រលាញ់រាប់អាន លោកឪពុកដូច្នេះយ៉ាងនេះ សូមលោកឪពុកមកប្រាប់កូន ដើម្បីឲ្យកូនបាន ស្ងប់ចិត្តផង ។

កូនសូមជួបលោកឪពុកនិងអ្នកម្តាយគ្រាប់ៗជាតិ !

កូនសូមកើតជាតិណាៗ ឲ្យបាននៅជិតលោកឪពុកនិងអ្នកម្តាយកុំឲ្យដូចជាតិនេះទៀត !

កូនសូមប្តេជ្ញាថែរក្សាវង្សត្រកូលលោកឪពុកអ្នកម្តាយឲ្យបានស្ថិតស្ថេរយូរអង្វែងទៅ! កូនស្រលាញ់លោកឪពុកនិងអ្នកម្តាយជានិច្ច!

កូននឹករព្ញកដល់លោកឪពុកនិងអ្នម្តាយគ្រប់វិនាទី!

ជាថ្មីម្តងទៀតនៅចំពោះមុខព្រះសពកូនសូមអភ័យទោសនូវរាល់កំហុសឆ្គងទាំងឡាយ របស់កូនទាំងប៉ុន្មាន ដែលមានលើលោកអ្នកមានគុណទាំងពីរដោយចេតនាក្តីឬអចេតនាក្តី សូមលោកអ្នកមានគុណអភ័យទោសឲ្យកូនផងចុះ ។

ជាចុងបញ្ចប់ សូមឲ្យបដិសន្ធិព្រះវិញ្ញាណក្ខន្ធ របស់លោកឪពុកបានទៅចុតិបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ពីកូនសំឡាញ់របស់លោកឪពុក និងអ្នកម្តាយ !

វត្តព្រះពុទ្ធរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ។

ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១០

បុណ្យឆ្លងកុដិលេខ២៦ វត្តមហាមន្រ្តី ភ្នំពេញ

ព្រះគ្រូញាណវិរិយោ គង់-ឆន